២៩-តុលា-២០១២៖ ផ្ទះជនជាតិវៀតណាម
ដែលមកជួលដីកសិកម្មពីពលរដ្ឋខ្មែរនៅក្នុងឃុំឈើខ្មៅ ស្រុកកោះធំ
ខេត្តកណ្ដាល។(RFA/Den Ayuthyea)
2012-11-03
ដោយ ដែន អយុធ្យា
Radio Free Asia
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគបញ្ហាសង្គមក្នុងប្រទេសកម្ពុជា
បានព្រួយបារម្ភពីសកម្មភាពទិញលក់ ឬជួលដីទៅឲ្យប្រជាជនវៀតណាម
ក្នុងខេត្តជាប់ព្រំដែន។
ទន្ទឹមនឹងការព្រួយបារម្ភនេះ ពួកគេក៏បានស្នើឲ្យរដ្ឋាភិបាលមានវិធានការទប់ស្កាត់បញ្ហានេះ ដើម្បីការពារបូរណភាពទឹកដីឲ្យគង់វង្សទៅថ្ងៃអនាគត។ ប៉ុន្តែ
ផ្ទុយទៅវិញ មន្ត្រីរដ្ឋាភិបាលបានប្រតិកម្មថា មិនមានសកម្មភាពទិញ
ឬជួលដីតាមបន្ទាត់ព្រំដែនទៅឲ្យជនបរទេសប្រទេសជិតខាងនោះទេ
ព្រោះច្បាប់បានហាមឃាត់។
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានអះអាងថា
សព្វថ្ងៃនេះពលរដ្ឋភាគច្រើនមានលំនៅឋានជាប់តាមបន្ទាត់ព្រំដែន
គ្មានដីធ្លីកសិកម្មដើម្បីបង្កបង្កើនផលទៀតទេ ព្រោះឈ្មួញខ្មែរ
និងវៀតណាម បានប្រមូលទិញក្នុងតម្លៃខ្ពស់។
ក្រុមប្រជាពលរដ្ឋនៅទីនោះ បានឲ្យដឹងថា ដោយសារភាពក្រីក្រ
ពួកគាត់ត្រូវបង្ខំចិត្តលក់ដីកសិកម្មទាំងនោះទៅឲ្យឈ្មួញ
ហើយកំពុងប្រឈមនឹងការបាត់បង់មុខរបរជាអ្នកធ្វើស្រែចម្ការ។
លោក អ៊ុក សារឿន អនុប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀង
បានឲ្យដឹងថា
រូបភាពនៃការជួលដីតាមព្រំដែនក្នុងមូលដ្ឋាននេះទៅឲ្យឈ្មួញ
ឬជនជាតិវៀតណាម មានលក្ខណៈចាក់គ្រឹះយូរអង្វែង
និងគួរឲ្យព្រួយបារម្ភ។ ព្រួយបារម្ភនៅត្រង់ថា
ទៅថ្ងៃខាងមុខអាចនាំឲ្យកម្ពុជា បាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម
ដោយសាររដ្ឋាភិបាលគ្រប់គ្រងមិនបានដិតដល់
ចំពោះការរីករាលដាលនៃការទិញលក់ ឬជួលដីតាមព្រំដែននោះ។
មន្ត្រីបក្សប្រឆាំងរូបនេះ បានស្នើឲ្យរដ្ឋាភិបាល ពិនិត្យ
និងបញ្ឈប់សកម្មភាពទិញលក់
ឬជួលដីតាមបន្ទាត់ព្រំដែនឲ្យបានជាស្ថាពរ បើមិនដូច្នេះទេ
អាចនឹងកើតមានបញ្ហាព្រំដែនធ្ងន់ធ្ងរនាថ្ងៃខាងមុខ។
ស្រដៀងគ្នាដែរ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
ក៏បានរកឃើញថា រូបភាពនៃការទិញលក់ ឬជួលដីតាមព្រំដែនទៅឲ្យឈ្មួញ
ឬជនជាតិវៀតណាម បានកើតមានក្រោយឆ្នាំ១៩៧៩ មកម្ល៉េះ។ លោកថា
រូបភាពនេះមិនដឹងជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ឬប្រជាជនវៀតណាម
ដើម្បីដណ្ដើមជីវភាពការងារពីពលរដ្ឋខ្មែរ ឬបែបណាទេ
ប៉ុន្តែរូបភាពនេះឃើញកើតមានតាមខេត្តជាប់បន្ទាត់ព្រំដែន។
លោកសុំឲ្យរដ្ឋាភិបាលត្រូវតែពិនិត្យរាល់សកម្មភាពទិញលក់
ឬជួលដីតាមព្រំដែនទៅឲ្យជាតិសាសន៍ដទៃ ពិសេសជនជាតិវៀតណាម
ដើម្បីទប់ស្កាត់ជម្លោះព្រំដែនដែលអាចនឹងកើតមានរវាងប្រទេសទាំង
ពីរនាថ្ងៃអនាគត។
យ៉ាងនេះក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ថា
ច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យមានការទិញលក់
ឬជួលដីតាមព្រំដែនទៅឲ្យបរទេស
ពិសេសជាតិសាសន៍ប្រទេសជិតខាងជាប់ភូមិផងគ្នានោះទេ។ លោកបន្តថា
ការវិនិយោគ ឬជួលដីតាមព្រំដែន
រដ្ឋាភិបាលក៏មិនបានវិនិយោគឲ្យជនជាតិប្រទេសជិតខាងកម្ពុជា ដែរ
ប៉ុន្តែបើជនបរទេសមកពីប្រទេសឆ្ងាយៗ មាននៅអឺរ៉ុប ជាដើម
ទើបមានសិទ្ធិ
ប៉ុន្តែត្រូវឆ្លងកាត់ការឯកភាពដោយថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោក វ៉ា គឹមហុង លោកច្រានចោលព័ត៌មានដែលចោទថា
មានជនបរទេសប្រទេសជិតខាងកម្ពុជា បានមកទិញ
ឬជួលដីនៅតាមខេត្តជាប់ព្រំដែននោះ ជារឿងមិនពិត
ព្រោះអាជ្ញាធរមិនដែលបានអនុញ្ញាតទេ។
ទោះជាបែបនេះក្តី លោក នង ឡេង ជំទប់ទី២ សង្កាត់បាវិត ខេត្តស្វាយរៀង
លោកបានឲ្យដឹងថា
សព្វថ្ងៃនេះដីធ្លីភាគច្រើននៅតាមព្រំដែនកម្ពុជា-វៀតណាម
នាក្រុងបាវិត ឈ្មួញ ឬជនជាតិវៀតណាម បានទិញ
និងជួលពីកសិករខ្មែរស្ទើរតែទាំងអស់។
លោកព្រួយបារម្ភចំពោះសកម្មភាពទិញលក់
ឬជួលដីតាមបន្ទាត់ព្រំដែនទៅឲ្យជនជាតិវៀតណាម របស់ពលរដ្ឋខ្មែរ
ដោយមានការអនុញ្ញាតពីអាជ្ញាធរ
អាចនាំឲ្យបាត់បង់បូរណភាពទឹកដីកម្ពុជា នាថ្ងៃអនាគត។
ផ្ដើមពីបញ្ហានេះ លោក នង ឡេង
បានស្នើឲ្យរដ្ឋាភិបាលមានវិធានការទប់ស្កាត់
និងពិនិត្យរាល់សកម្មភាពទិញលក់ និងជួលដីតាមព្រំដែន
ទៅឲ្យជនជាតិប្រទេសជិតខាងកម្ពុជា ឲ្យបានច្បាស់លាស់។
ត្រង់ចំណុចនេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
បានបញ្ជាក់ថា ការឃុបឃិតគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ
ដើម្បីលក់ដីទៅឲ្យជនជាតិប្រទេសជិតខាង ជារឿងខុសច្បាប់
ព្រោះច្បាប់កម្ពុជា
មិនអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិគ្រប់គ្រងដីធ្លី
ឬផ្ទះទាំងស្រុងនោះទេ។
ទាក់ទិនការគ្រប់គ្រងដីធ្លី និងផ្ទះសម្បែងនេះដែរ ច្បាប់កម្ពុជា
មិនអនុញ្ញាតឲ្យជនបរទេស ឬក្រុមហ៊ុនបរទេស
មានសិទ្ធិកាន់កាប់ដីដោយដាក់ឈ្មោះរបស់ខ្លួនផ្ទាល់នោះទេ។
ក៏ប៉ុន្តែ អ្នកវិនិយោគបរទេសអាចនឹងទទួលបានកិច្ចសន្យាជួល
ដែលមានរយៈពេលរហូតដល់ទៅ ៥០ឆ្នាំ និងអាចបន្តកិច្ចសន្យាបាន។
បន្ថែមលើនេះ ច្បាប់កម្ពុជា
មិនអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យណាមួយដែលនៅ
ផ្ទាល់ដី មានដូចជាដី និងអចលនទ្រព្យនៅជាន់ផ្ទាល់ដីនោះទេ។
អាជ្ញាធរកម្ពុជា
បានផ្តល់សុពលភាពតែចំពោះការផ្ទេរប័ណ្ណកម្មសិទ្ធិសម្រាប់ផ្ទះល្វែង
ដែលនៅជាន់លើ និងខុនដូ (Condo) នានា
ដោយប័ណ្ណកម្មសិទ្ធិមានពីរប្រភេទ អាចជាប្លង់ទន់ ឬក៏ជាប្លង់រឹង។
ប្លង់ទាំងពីរនេះ សុទ្ធតែស្របច្បាប់នៅប្រទេសកម្ពុជា៕
Home »
Cambodia News
,
Social Profiles
» មន្ត្រីរដ្ឋាភិបាលបដិសេធថាពុំមានការលក់ជួលដីតាមព្រំដែនទៅឲ្យប្រទេសជិតខាង - Gov't officials deny land leased to Vietnamese
មន្ត្រីរដ្ឋាភិបាលបដិសេធថាពុំមានការលក់ជួលដីតាមព្រំដែនទៅឲ្យប្រទេសជិតខាង - Gov't officials deny land leased to Vietnamese
Penulis : bang Sreymom on Saturday, November 3, 2012 | 3:14 PM
Related posts:
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
Cambodia News,
Social Profiles
Subscribe to:
Post Comments (Atom)
home
Home
Post a Comment